Thursday, October 6, 2016

ខួប១០០ថ្ងៃលោក កែម ឡី នឹងធ្វើនៅវត្តចាស់ ខណៈសាលាក្រុងដាក់លក្ខខណ្ឌ

ខួប១០០ថ្ងៃលោក កែម ឡី នឹងធ្វើនៅវត្តចាស់ ខណៈសាលាក្រុងដាក់លក្ខខណ្ឌ (មានវិដេអូ)
គណៈកម្មការរៀបចំបុណ្យអះអាងថា ខួប១០០ថ្ងៃលោក កែម ឡី នឹងធ្វើនៅវត្តចាស់ ក្នុងរាជធានីភ្នំពេញតាមការគ្រោងទុក បើទោះបីជាសាលារាជធានីភ្នំពេញទាមទារលក្ខខណ្ឌមួយចំនួន មុននឹងអនុញ្ញាតឲ្យរៀបចំពិធីបុណ្យនេះតាមប្រពៃណី។
បុណ្យគម្រប់១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី ប្រព្រឹត្តទៅចាប់ថ្ងៃទី ១៤ ដល់ទី ១៦ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ប៉ុន្តែប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បង្ហាញជំហរមិនចង់ឲ្យគណៈកម្មការរៀបចំបុណ្យចេញមុខទទួលខុសត្រូវលើពិធីបុណ្យនេះទេ ដោយតម្រូវឲ្យក្រុមគ្រួសារសពចេញមុខផ្ទាល់ ដើម្បីបានពិភាក្សាពីលក្ខខណ្ឌនានាពេលបារព្ធពិធីបុណ្យ។

លោកមានប្រសាសន៍ថា៖ “យើងបានទទួលហើយលិខិតហ្នឹង ក៏ប៉ុន្តែយើងអត់ទាន់សម្រេចយ៉ាងណាទេ ពីព្រោះយើងចង់បញ្ជាក់ថា ដោយគាត់តាំងខ្លួនជាគណៈកម្មការនោះ មានការឯកភាពក្រុមគ្រួសារដែរឬទេ?  ឬក៏គាត់តាំងខ្លួនឯង ពីព្រោះនៅក្នុងលិខិតដែលយើងបដិសេធ មិនអនុញ្ញាតនៅមុខវត្តបទុមតីហ្នឹង យើងចង់ឲ្យក្រុមគ្រួសារជាអ្នកទាក់ទងមកសាលារាជធានីភ្នំពេញ។ ធម្មតាទំនៀបទម្លាប់ប្រពៃណីខ្មែរយើងការធ្វើបុណ្យ ១០០ ថ្ងៃគឺគេធ្វើនៅផ្ទះ គេអត់អាចធ្វើនៅទីសាធារណៈទេ។ (ប៉ុន្តែខ្ញុំបានសម្ភាស៍គណៈកម្មការ និងក្រុមគ្រួសារ គាត់ថា គាត់បានផ្ទេរសិទ្ធិឲ្យគណៈកម្មការរៀបចំបុណ្យសពនេះហើយ)? យើងអត់មានលិខិតផ្ទេរសិទ្ធិមិនដឹងថាគេផ្ទេរសិទ្ធិតាមរយៈណា ក្នុងនាមរដ្ឋបាលសាលារាជធានីភ្នំពេញ គឺយើងអត់បានទទួលនៅឯកសារទាំងអស់នេះទេ“។


ទោះជាយ៉ាងណា លោក សៅ កុសល ដែលជាគណៈកម្មការរៀបចំបុណ្យ លើកឡើងថា គណៈកម្មការបុណ្យមានលិខិតផ្ទេរសិទ្ធិពីក្រុមគ្រួសារ លោក កែម ឡី សម្រាប់ចាត់ចែងកម្មវីធីបុណ្យ គម្រប់១០០ថ្ងៃ របស់លោក កែម ឡី នៅវត្តចាសទៅតាមការគ្រោងទុក ទោះបីជាសាលាក្រុងមិនអនុញ្ញាតក៏ដោយ។ លោកថាអាជ្ញាធរគួរបើកចិត្តឲ្យទូលាយ។


លោកមានប្រសាសន៍ថា៖ “គណៈកម្មការអ្នកណាជាអ្នកបង្កើត អ្នកណាជាអ្នកទេសនាមផ្សេងៗនោះ គណៈកម្មការនេះ មិនមែនបង្កើតឡើងដោយការយោសពទេ អត់មានបង្កើតឡើងដូចការយោសពដូចការគិតរបស់អ្នកមួយចំនួនទេ គឺយើងមានឯកសារប្រគល់សិទ្ធិមានតាមរយៈមេធាវីអីត្រឹមត្រូវ ។ បានជាយើងរៀបចំពិធីហ្នឹងជូនទៅលោកបណ្ឌិត ព្រោះថា ក្រុមគ្រួសារលោកបណ្ឌិត ដូចបងប្អូនជ្រាបហើយ គឺភរិយារបស់លោក បណ្ឌិតមានបុត្រ ៥ ហើយថ្មីៗនេះទើបតែសម្រាលបុត្រចុងក្រោយទៀត ។ ដូច្នេះជាលទ្ធភាពរបស់គ្រួសារមិនអាចរៀបចំបានទេ បានជាភរិយារបស់លោក បណ្ឌិត សម្រេចប្រគល់សិទ្ធិនេះមកគណៈកម្មការ តាមឯកសារផ្លូវការត្រឹមត្រូវ ដោយមានការឯកភាពពីបងប្អូនរបស់លោកបណ្ឌិត កែម ឡីហ្នឹង ហើយហ្នឹងម្ដាយជាទីស្រឡាញ់របស់លោកបណ្ឌិតដែលបានឯកភាពប្រគល់តួនាទីឲ្យគណៈកម្មការរៀបចំ“។


 លោក ប៊ូ ចាន់នី ដែលត្រូវជាបងថ្លៃរបស់លោក កែម ឡី ឲ្យវីអូឌីដឹងថា ក្រុមគ្រួសារលោក ពិតជាបានផ្ទេរសិទ្ធិឲ្យគណៈកម្មការចាត់ចែងកម្មវិធីបុណ្យ១០០ថ្ងៃនេះហើយ។ លោកអះអាងថា ការទាមទារលក្ខខណ្ឌរបស់សាលារាជភ្នំពេញ ដោយឲ្យក្រុមគ្រួសារដាក់លិខិតខ្លួនឯងផ្ទាល់នោះ គ្រាន់ជាលេសដើម្បីបង្កការលំបាកដល់ពិធីបុណ្យសពបងថ្លៃលោកតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ “ដូចអត់មានសិទ្ធិសម្រេចចិត្តដោយខ្លួនឯង គ្រាន់តែការងារប៉ុណ្ណឹង សម្រេចឲ្យប្រាវៗទៅថាលូវឲ្យធ្វើបុណ្យទៅវាចប់រឿងហើយ ព្រោះឲ្យគេធ្វើការងារបានរលូនបានស្រួលចឹងទៅ គេជាមនុស្សដែរតើ គេចេះគិតដែលតើមិនមែនចេះអីតែយើង ស្អីប៉ះពាល់សណ្ដាប់ធ្នាប់ ស្អីចេះស្អីចុះក៏ប៉ះពាល់អីក៏ស្រួលៗម្លេះ គេមានពិចារណត្រឹមត្រូវមុខហ្នឹងធ្វើអី។ ខ្ញុំមានការសោកស្ដាយតើខ្មែរធ្វើបុណ្យនៅលើកទឹកដីខ្មែរក្នុងវត្តអារាមរបស់ខ្មែរកណ្ដាលទីក្រុង ធ្វើអត់បានចេះតែយកលេសចេះ ហើយដល់តែគៀសថ្ងៃទើបឲ្យ ហើយតាំងរញ៉េរញៃហើយ។ បណ្ធិត កែមឡី ស្អីចោរប្លន់ មនុស្សកាប់សម្លាប់គេឬយ៉ាងម៉េច គាត់អ្នកស្នេហាជាតិតើ ប្រជាពលរដ្ឋលោកដឹងតើ ការហែរសពមនុស្សលោកពិភពលោក តាំងពីខ្ញុំកើតមកអាយុ ហាផ្លាយ ខ្ញុំអត់ដែលឃើញមានអ្នកណាហែរសពបានប៉ុណ្ណឹងទេ មនុស្សគាំទ្រដល់ប៉ុណ្ណឹងទេ“។

បើតាមគណៈកម្មការឲ្យដឹងថា គណៈកម្មការបានដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញពីរលើកហើយ។ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៦ គណៈកម្មការរៀបចំខួបគម្រប់ ១០០ ថ្ងៃលោក កែម ឡី បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំទីតាំងសួនច្បារមុខវត្តបទុមវត្តី ដើម្បីរៀបចំបុណ្យខួប១០០ថ្ងៃនេះ តែត្រូវបានសាលារាជធានីបដិសេធ។ ការបដិសេធនេះ ដោយថា ក្រុមគ្រួសាសពរគួររៀបចំពិធីបុណ្យនេះតាមបែបព្រះពុទ្ធសាសនានៅគេហដ្ឋាន ឬ ទីកន្លែងបញ្ចុះសពនៅខេត្តតាកែវ។
លោក កែម ឡី អាយុ៤៦ឆ្នាំជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនៅកម្ពុជាត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងម៉ាតមួយកន្លែង ម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
បុរសម្នាក់ឈ្មោះ អឿត អាង ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយឃាតកម្មនេះដោយចោទថាជាជនដៃដល់ និងមានឈ្មោះហៅថា ជួប សម្លាប់៕


EmoticonEmoticon